ភាគច្រើន ទារកអាយុក្រោម២៨ថ្ងៃ ដែលប្រកាច់ គឺមកពីមានការប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទ។ កាលណាទារកប្រកាច់ យើងអាចសន្និដ្ឋានបានពីផលប៉ះពាល់ដល់ការវិវត្តិន៍នៃផ្នែកបញ្ញាស្មារតី និងកាយសម្បទាទៅថ្ងៃមុខ។ ទារកអាចប្រកាច់មួយចំហៀងខ្លួន ឬក៏ប្រកាច់ពេញតួខ្លួន។
ក) រោគសញ្ញា និងសណ្ឋាន៖
រោគសញ្ញាដែលបញ្ជាក់ថាទារកប្រកាច់មានៈ
– ចលនាទំពារ
– ចលនារបៀបធាក់កង់
– ចលនាគ្រាប់ភ្នែកមិនធម្មតា (ស្លើភ្នែកឡើងលើ) ជាដើម។
ការប្រកាច់របស់ទារកមាន ៣ សណ្ឋានៈ
១. Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ ចលនាក្នុង១វិនាទី
២.Tonic៖ ជាការប្រកាច់លើអវៈយវៈ ឬក៏ពេញមួយតួខ្លួន
៣. Myoclonic៖ ជាការប្រកាច់នៅផ្នែកណាមួយនៃតួខ្លួន
ខ) មូលហេតុ៖
១. ខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល (Hypoxic-ischemic Encephalopathy)។ ការប្រកាច់អាចចេញជារោគសញ្ញាលើទារកនៅអាយុក្រោម ៧២ម៉ោង។
២. មានការហូរឈាមក្នុងខួរក្បាល
៣. ជំងឺមេតាបូលិកមួយចំនួន: ការថយចុះស្ករ ការថយចុះកាល់ស្យូម និងការថយចុះម៉ាញ៉េស្យូម ច្រើនកើតមានលើទារកអាយុក្រោម ៧២ម៉ោង ឬក៏នៅកំឡុងពេលចាប់ផ្តើមបំបៅដំបូង។
៤. ឆ្លងមេរោគមួយចំនួនដែលប៉ះពាល់ដល់ខួរក្បាល ដូចជា មេរោគ Toxoplasmose et CMV(cytomegalovirus), Eschenchia Coli et Streptococcus Pneumoniae
៥. ការវិវត្តន៍មិនធម្មតារបស់ខួរក្បាលតាំងពីកំណើត។ ការប្រកាច់របស់ទារកកម្រិតស្រាល (Benign Neonatal Seizurs) ដែលកើតនៅអាយុចាប់ពី ៤៨ ដល់ ៧២ម៉ោង ហើយបាត់ទៅវិញនៅអាយុចាប់ពី ២ ដល់ ៦ខែ។
កត្តារួមចំណែកមានៈ
– ប្រវត្តិគ្រួសារ គឺធ្លាប់មានសមាជិកក្នុងគ្រួសារដែលប្រកាច់ក្នុងវ័យជាទារក។
– ប្រវត្តិនៃការពរពោះ គឺក្នុងពេលពរពោះ អាចមានការឆ្លងរោគមួយចំនួនដូចជា ស្អូច Toxoplasmose, Cytomegalovirus និង Herpes ។
– ប្រវត្តិនៃការសម្រាល គឺទាក់ទងនឹងនាទីមាសរបស់ទារក (Apgar Score) ដូចជាទារកកើតមកសន្លប់ជាដើម។
– ប្រវត្តិក្រោយពេលកើត គឺទាក់ទងនឹងជម្ងឺមេតាបូលិកមួយចំនួន និងការឆ្លងរោគ។
គ) ការព្យាបាល៖
ការព្យាបាលទារកត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យៈ
– ការប្រកាច់របស់ទារកអាយុក្រោម២៨ថ្ងៃ គឺត្រូវតែធ្វើឱ្យបានលឿន និងត្រូវស្វែងរកមូលហេតុឱ្យបានឆាប់រហ័ស។
– ការព្យាបាលបានទាន់ពេលវេលា និងការតាមដានទារក អាចជួយដល់ការលូតលាស់របស់ទារកបានល្អប្រសើរ
កំណត់សម្គាល់៖
** សូមកុំច្រឡំ ការប្រកាច់របស់ទារកជាមួយរោគសញ្ញាមួយចំនួនដូចជា ការភ្លឹកៗរបស់ទារកពេលគេង និងការញ័រចុងដៃ ឬក៏ចុងជើងរបស់ទារកជាដើម។
«ការយកចិត្តទុកដាក់ពីភាពបម្រែបម្រួលមិនធម្មតារបស់ទារក គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូប ដែលនឹងនាំឈានដល់ការមកពិគ្រោះ និងទទួលបានដំបូន្នានល្អៗទាន់ពេលវេលាជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរកាល់ម៉ែត និងការព្យាបាលប្រកបដោយប្រសិទ្ឋិភាពខ្ពស់បំផុត។»
0 comments:
Post a Comment